ឆមាសទី១ ឆ្នាំ២០២៥ សន្តិសុខសណ្តាប់ធ្នាប់ នៅខេត្តកំពង់ចាម ល្អប្រសើរ បទល្មើសថយចុះ!

ឆមាសទី១ ឆ្នាំ២០២៥ សន្តិសុខសណ្តាប់ធ្នាប់ នៅខេត្តកំពង់ចាម ល្អប្រសើរ បទល្មើសថយចុះ!

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាម មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ក្នុងនោះបទល្មើសផ្សេងៗបានថយចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥។

បើតាមលោកអភិបាលរងខេត្ត ក្នុងឆមាសទី១នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានបង្ក្រាបករណីគ្រឿងញៀនចំនួន ១១៣ករណី បើធៀបនឹងឆមាសទីឆ្នាំ២០២៤ ថយចុះ២៤ករណី ឃាត់ខ្លួនមនុស្ស២៩៩នាក់ ថយចុះ៩៤នាក់ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ១៤ករណី ឃាត់ខ្លួនមនុស្ស៦១នាក់បញ្ជូនទៅតុលាការ ។

លោកបន្ថែមថា សម្រាប់ករណីក្មេងទំនើង សមត្ថកិច្ចបង្ក្រាបបានចំនួន ១៤ករណី ឃាត់ខ្លួនមនុស្ស ៤៨នាក់ បញ្ជូនទៅតុលាការ១៨នាក់ អនុវត្តវិធានការរដ្ឋបាល៣០នាក់ និងដកហូតម៉ូតូចំនួន១៨គ្រឿងរក្សាទុករយៈពេល៣ខែដើម្បីជាការព្រមាន ខណៈករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៥៤ករណី ស្លាប់៤៨នាក់ និងរបួស៥៧នាក់។

ដោយឡែកចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) លោក ស្រី សុភ័ក្រ្ត បានលើកឡើងថា ក្នុងមូលដ្ឋាននៃខេត្តកំពង់ចាម គឺមិនមានករណីនេះកើតឡើងនោះទេ ប៉ុន្តែក្នុងនោះមានករណីក្លែងបន្លំអត្តសញ្ញាណឆបោកតាមប្រព័ន្ធវីង ១ករណី ត្រូវសមត្ថកិច្ចបង្ក្រាបបាន និងករណីឆបោកក្រោមរូបភាពកម្ចីតាមប្រព័ន្ធអនឡាញមាន១ករណី ដែលករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

ឆ្លើយតបទៅនឹងការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាមមានភាពល្អប្រសើរ និងបទល្មើសផ្សេងៗមានការថយចុះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ទាំងអស់នេះ គឺដោយសារអនុវត្តតាមគោលការណ៍ណែនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាព ដែលលោកតែងតែដឹកនាំប្រជុំជាប្រចាំ និងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ និងអង្គភាពចំណុះគណៈបញ្ជាការឯកភាពខេត្ត បង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម ក្នុងចំណោមឃុំ-សង្កាត់ទាំង១០៩ ត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ១ នៃការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម៕
ដោយលោក សេង បូលីន

Leave a Reply

Your email address will not be published. Required fields are marked *