និយ័តករធានារ៉ាប់រង អំពាវនាវដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចចំនួន ៣ ដែលកំណត់ដោយច្បាប់

 

ភ្នំពេញ៖ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានអំពាវនាវដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន រួមទំាងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ចំនួន ៣ ដែលកំណត់ដោយច្បាប់តាំងពីឆ្នាំ២០០០មក។

ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា និងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ។

លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ច ដែលរួមមាន៖ ១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ដែលកំណត់ថា ម្ចាស់យានយន្តដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួនពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ លើភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយយានយន្ដរបស់ខ្លួន។

២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ ដែលកំណត់ថា ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើររួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា ត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរ ដែលជិះតាមមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ទោះបីមធ្យោបាយនោះចរាចរតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬផ្លូវដែកក៏ដោយ។

និង ៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ដែលកំណត់ថា រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយដែលជាម្ចាស់ការដ្ឋាន ត្រូវមានភស្តុតាងបញ្ជាក់ថា ខ្លួនមានកិច្ចសន្យាធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋាន ដែលធានាសំណងជូនជនរងគ្រោះ ដែលរងផលប៉ះពាល់ទាំងរូបរាងកាយ និងទ្រព្យសម្បត្តិ ដែលបង្កដោយសកម្មភាពរបស់ការដ្ឋាន។

ទោះយ៉ាងណា លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងបន្ថែមថា មានកត្តាចំនួន ៣ ដែលបណ្តាលឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច នៅមានកម្រិតទាប ក្នុងនោះរួមមាន ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម។ ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រម-ទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និងក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្តពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

យោងតាមរបាយការណ៍ពីលោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ មានយានយន្តដែលបានចុះបញ្ជី ក្នុងនោះរថយន្តចំនួន ៧៥ម៉ឹនគ្រឿង និងម៉ូតូចំនួន ២លាន ៥សែនគ្រឿង។ ដោយឡែកសម្រាប់វិស័យសំណង់វិញ គិតចាប់ពីឆ្នាំ២០០០ ដល់ ខែធ្នូ ឆ្នាំ២០២៥ រាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ឡើង ចំនួន ១៩៧១អគារ បណ្តុំផ្ទះល្វែងចំនួន ៤៥៣កន្លែង រោងចក្រ ៨១១រោងចក្រ។

លោកស្រី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការកើនឡើងនៃចំនួនយានយន្ត និងការរីកដុះដាលនៃសំណង់អគារនេះ បង្ហាញពីតម្រូវការក្នុងការប្រើប្រាស់ការធានារ៉ាប់រងភារៈទទួលខុសត្រូវ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់កំណត់។ លោកស្រី ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមផ្សព្វផ្សាយឱ្យកាន់ទូលំទូលាយ និងចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់នេះ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *