«សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លើយតបចំពោះការចុះផ្សាយក្នុងកាសែតថៃមួយ មុននេះបន្តិចបាននិយាយថា ប្រសិនបើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានរកឃើញនៅក្នុងប្រទេសថៃ គួរត្រូវចាប់ខ្លួនភ្លាមៗ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើសារនេះជាការពិត នោះបង្ហាញថា នាយករដ្ឋមន្ត្រីស្តីទីថៃ មិនយល់ច្បាប់ទម្លាប់អន្តរជាតិ និងមិនមានចំណេះដឹងផ្នែកទូត។សម្តេចតេជោបានលើកឡើងថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។នេះបង្ហាញថា ការបំផ្លាញច្បាប់ទម្លាប់ដោយអ្នកឈ្លានពាន មិនមែនជាគោលបំណងដើម្បីបង្កើតទំនាក់ទំនងល្អ ឬកំណត់ជំនឿទុកចិត្តឡើយ ប៉ុន្តែអាចនាំទៅរកជម្លោះឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់។ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។
សម្តេចតេជោហ៊ុន សែន បានអំពាវនាវឲ្យមានការគោរពច្បាប់អន្តរជាតិ និងការរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដើម្បីការពារសន្តិសុខ និងសុខសាន្តសម្រាប់ប្រជាពលរដ្ឋនៅព្រំដែន។