លោកជំទាវ បាន ស្រីមុំ ប្រាប់ពីផលវិបាកពលករខ្មែរក្នុងប្រទេសថៃ និងការបោះដៃជួយពីរដ្ឋបាលខេត្ត ឱ្យបានធ្វើដំណើរដល់ព្រំដែន!
ឆ្លងកាត់បទពិសោធទទួលពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងប្រទេសនាប៉ុន្មានថ្ងៃមកនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា សម្រាប់ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន ពលរដ្ឋជាពិសេសពលករ មួយចំនួនបានជួបនូវផលវិបាកតាំងពីនៅប្រទេសថៃ មុនពេលបានមកដល់ព្រំដែន។
លោកជំទាវបានលើកឡើងថា បើទោះបីជាប្រជាពលរដ្ឋ ឬពលករខ្លះ មានឯកសារ ប៉ាស្ព័រ (លិខិតឆ្លងដែន) និងកិច្ចសន្យាជាមួយក្រុមហ៊ុន (MOU) ត្រឹមត្រូវក៏ដោយ ក៏គាត់ត្រូវប្រឈមមុខនៅច្រកទ្វារ ដោយត្រូវចំណាយថវិកា ដើម្បីបោះត្រាចេញមកប្រទេសកម្ពុជា។
រឹតតែលំបាកជាងនេះ លោកជំទាវបានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរគ្មានឯកសារ ឬមានឯកសារដែរ ប៉ុន្តែហួសសុពលភាព ការលំបាកគឺមានតាំងពីពេលធ្វើដំណើរចាកចេញតំបន់ដែលខ្លួនរស់នៅក្នុងទឹកដីថៃមកម្ល៉េះ។ លំបាក គឺដោយសាររថយន្តឈ្នួល ក៏ដូចជាប្រជាជនថៃមួយចំនួនតូច ចាប់ផ្តើមមានការរើងអើង ពិសេសរថយន្តឈ្នួលមួយចំនួនទៀតមិនហ៊ានដឹកពលករខ្មែរ ដោយសារខ្លាចមានបញ្ហា ឬបើដឹកក៏តម្រូវឱ្យចំណាយថវិកាខ្ពស់។
ដើម្បីសម្រួលលើការងារនេះ ក្នុងនាមរដ្ឋបាលខេត្ត លោកជំទាវ បានស្នើសុំកិច្ចសហការជាមួយភាគីថៃ និងចាប់ដៃជាមួយផ្នែកទំនាក់ទំនងព្រំដែននៃប្រទេសទាំងពីរ រួមទាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរខេត្តជាប់ភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងពលករវិលត្រឡប់មកវិញទោះបីមានឯកសារ ឬគ្មានឯកសារក៏ដោយ។
ក្នុងនោះប្រជាពលរដ្ឋ និងពលករដែលគ្មានលទ្ធភាព ឬគ្មានមធ្យោបាយវិលត្រឡប់ លោកជំទាវ បានស្នើសុំកិច្ចសហការពីភាគីថៃ ដោយជួលរថយន្តរបស់ថៃទៅដឹកដល់ទីកន្លែងតែម្តង ព្រមទាំងបានជួយដោះស្រាយបញ្ហាមួយចំនួនទៀតជូនពលករដែលជួបប្រទះ ធ្វើយ៉ាងណាឱ្យតែពលករទាំងអស់នោះបានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។
សូមបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន បានទទួលប្រជាពលរដ្ឋ និងពលករដែលវិលត្រឡប់មកពីប្រទេសថៃគិតត្រឹមថ្ងៃនេះ ជាង៦ម៉ឺននាក់។ ចំនួននេះមិនទាន់បានបញ្ចប់នោះទេ ដោយលំហូរប្រជាពលរដ្ឋ និងពលករនៅតែបន្តចាកចេញពីប្រទេសថៃមកដល់ពេលនេះ៕
ដោយលោក សេង បូលីន
#dolynews