«ការជំរុញការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ ត្រូវគិតពិចារណាដោយផ្អែកលើផលប្រយោជន៍រយៈពេលវែងរបស់ប្រជាជាតិចិន។» «ត្រូវចាត់ទុកការស្តារបរិស្ថានអេកូឡូស៊ីនៃទន្លេយ៉ង់សេជាអាទិភាពបំផុត។ ត្រូវរួមគ្នាការពារក្នុងទ្រង់ទ្រាយធំ និងចៀសវាងការអភិវឌ្ឍក្នុងទ្រង់ទ្រាយធំ។» ទាំងនេះជាអនុសាសន៍ណែនាំសំខាន់ៗរបស់លោកXi Jinping ប្រធានរដ្ឋចិនថ្លែងក្នុងកិច្ចប្រជុំសំណេះសំណាលស្តីពីការជំរុញការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ នៅទីក្រុងChongqing ប្រទេសចិនកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៦។
ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ លាតសន្ធឹងតាមខេត្ត និងក្រុងចំនួន ១១ ដែលមានផ្ទៃក្រឡាប្រហែលជាមួយភាគប្រាំនៃផ្ទៃដីសរុបរបស់ប្រទេសចិន និងបានរួមចំណែកប្រហែល៥០%នៃទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសចិន ។
«ការមិនធ្វើការអភិវឌ្ឍក្នុងទ្រង់ទ្រាយធំ» មានន័យថាត្រូវជៀសវាងការអភិវឌ្ឍដែលគ្មានសណ្តាប់ធ្នាប់ មានគុណភាពទាប ឬបំផ្លាញដល់បរិស្ថាន។ យើងត្រូវដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ភាពបៃតង និងកាបូនទាប។ បច្ចុប្បន្ននេះ យើងកំពុងដើរលើផ្លូវត្រឹមត្រូវហើយ ត្រូវបន្តដើរទៅមុខតាមផ្លូវនេះ។
«ត្រូវធានាថា យើងនឹងបន្សល់ទុកទន្លេយ៉ង់សេដ៏ស្រស់ស្អាត ដែលលាតសន្ធឹងរាប់ពាន់គីឡូម៉ែត្រ ជូនដល់មនុស្សជំនាន់ក្រោយៗ។»
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទន្លេយ៉ង់សេមានទេសភាពកាន់តែស្រស់ស្អាត។ ចាប់តាំងពីឆ្នាំ ២០២០ មក ដៃទន្លេធំៗនៃទន្លេយ៉ង់សេបានរក្សាគុណភាពទឹកក្នុងកម្រិតស្តង់ដារថ្នាក់ទី ២ រយៈពេល ៦ ឆ្នាំជាប់ៗគ្នា។ ធនធានភាវៈរស់ក្នុងទឹក និងជីវៈចម្រុះបានកើនឡើង ហើយទន្លេនេះក៏បានស្តារភាពរស់រវើកឡើងវិញជាបណ្តើរៗដែរ។
ស្ថានភាពនៃការរស់រានមានជីវិតរបស់ត្រីស្ទើជិនចិន (Chinese sturgeon) ត្រូវបានគេចាត់ទុកជា «ឧបករណ៍សម្រាប់វាស់វែង» ពីគុណភាពនៃប្រព័ន្ធអេកូឡូស៊ីនៃទន្លេយ៉ង់សេ។ ត្រីប្រភេទនេះស្ទើរតែរកមិនឃើញសោះកាលពីមុន។ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើន រាប់ចាប់ពីការបង្កាត់ពូជដោយសិប្បនិម្មិត និងការលែងពូជត្រីចូលទៅក្នុងធម្មជាតិ ដល់ការតាមដាន និងឃ្លាំមើលត្រី ពីការហាមឃាត់ការនេសាទរយៈពេល ១០ ឆ្នាំ ដល់ការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៅឆ្នាំ ២០២៥ គេបានរកឃើញត្រីស្ទើជិនចិនចំនួន ៥៩ កន្ទុយនៅក្នុងដែនទឹកទន្លេហូរចូលសមុទ្រ ។
នៅចន្លោះពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ប្រភេទត្រីដែលរស់នៅតាំងពីដើមចំនួន ៣៤៤ ប្រភេទ ត្រូវបានឃ្លាំមើលនៅក្នុងអាងទន្លេយ៉ង់សេ ដែលបានកើនឡើង ៣៦ ប្រភេទ បើធៀបនឹងរយៈពេលដូចគ្នាកាលពីពេលមុនការអនុវត្តការហាមឃាត់នេសាទ៥ ឆ្នាំ។
ក្រៅពីនេះ សេដ្ឋកិច្ចនៅតាមបណ្តោយទន្លេនេះ ក៏មានកម្លាំងរស់រវើកខ្លាំងឡើងផងដែរ។ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនាំចេញនាំចូលនៃខេត្ត និងក្រុងចំនួន ១១ តាមបណ្តោយខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ បានកើនឡើងដល់ ១៩,១២ ទ្រីលានយាន់ ដែលជាកំណត់ត្រាខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនៗ ហើយត្រូវជា ៤៦,៤% នៃទំហំពាណិជ្ជកម្មនាំចេញនាំចូលនៃប្រទេសចិន
«ត្រូវចាត់ទុកការស្តារបរិស្ថានអេកូឡូស៊ីនៃទន្លេយ៉ង់សេជាអាទិភាពបំផុតក្នុងពេលបច្ចុប្បន្ននិងមួយរយៈពេលវែងនាពេលអនាគត។» «យើងត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវគោលការណ៍នៃការរួមគ្នាការពារក្នុងទ្រង់ទ្រាយធំ និងចៀសវាងការអភិវឌ្ឍក្នុងទ្រង់ទ្រាយធំ ព្រមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងក្នុងការការពារអេកូឡូស៊ីដោយកម្រិតខ្ពស់។»
លោក Xi Jinping បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលចំនួន ៤ លើកជាបន្តបន្ទាប់ក្រោមប្រធានបទស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ ។ លោកតែងតែគូសបញ្ជាក់ថា ត្រូវផ្តល់អាទិភាពដល់ការការពារបរិស្ថានអេកូឡូស៊ី និងដើរតាមផ្លូវអភិវឌ្ឍន៍បៃតង ដើម្បីជំរុញការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេប្រកបដោយគុណភាពខ្ពស់៕
#dolynews
