ឯកឧត្តម ឡោ ម៉េងហួត អញ្ជើញចូលរួមរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ព្រាលអាណត្តិទី៦ ឆ្នាំ២០២៧

ព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទី នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំព្រាល អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកញ្ជ្រៀច។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ គណៈកម្មាធិការគណបក្សឃុំ ប្រធាន និងអនុប្រធានសាខាបក្សតាមភូមិ ប្រធានក្រុមបក្ស ព្រមទាំងសមាជិក សមាជិកា ជាអង្គបោះឆ្នោត សរុបចំនួន ៣១៧ នាក់ ក្នុងនោះស្ត្រីចំនួន ៥២ នាក់។

តាមរបៀបវារៈ កម្មវិធីបានចាប់ផ្តើមដោយការគោរពទង់ជាតិ ទង់គណបក្ស និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ បន្ទាប់មក មានការប្រកាសសមាសភាពគណៈអធិបតី និងស្តាប់ប្រសាសន៍បើកកម្មវិធីរបស់ ឯកឧត្តម ឡោ ម៉េងហួត។

ក្នុងឱកាសនោះ គណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំការបោះឆ្នោត ព្រមទាំងប្រកាសសមាសភាពបេក្ខជនដែលត្រូវឈរឈ្មោះ និងសមាសភាពអង្គបោះឆ្នោត។ ជាមួយគ្នានេះ គណៈកម្មការក៏បានអានបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌ ព្រមទាំងណែនាំលម្អិតអំពីនីតិវិធីនៃការបោះឆ្នោត រួមមានការប្រើប្រាស់ហិបឆ្នោត បន្ទប់សម្ងាត់ សន្លឹកឆ្នោត និងវិធីសាស្ត្រគូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត ដើម្បីធានាឱ្យអង្គបោះឆ្នោតបានយល់ច្បាស់ និងអនុវត្តតាមនីតិវិធីដែលបានកំណត់។

យោងតាមកំណត់ហេតុរបស់គណៈកម្មការរៀបចំការបោះឆ្នោត សន្លឹកឆ្នោតដែលបានរៀបចំមានចំនួនសរុប ៣៥០ សន្លឹក ខណៈអង្គបោះឆ្នោតមានចំនួន ៣១៧ នាក់។ ក្នុងនោះ អង្គបោះឆ្នោតដែលបានអញ្ជើញចូលរួមមានចំនួន ២៩៦ នាក់ និងអវត្តមានចំនួន ២១ នាក់។ សន្លឹកឆ្នោតចំនួន ២៩៦ សន្លឹក ត្រូវបានចែកជូនអង្គបោះឆ្នោតដែលមានវត្តមាន ដើម្បីបំពេញការបោះឆ្នោតតាមនីតិវិធី។

ក្រោយពីការណែនាំអំពីនីតិវិធីបានបញ្ចប់ អង្គបោះឆ្នោតបានចាប់ផ្តើមបំពេញសន្លឹកឆ្នោត ដើម្បីស្ទាបស្ទង់មតិ និងជ្រើសរើសបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំព្រាល អាណត្តិទី៦ ឆ្នាំ២០២៧។

ក្រោយបញ្ចប់ដំណើរការបោះឆ្នោត គណៈកម្មការបានពិនិត្យ និងកត់ត្រាស្ថិតិសន្លឹកឆ្នោត ដោយក្នុងនោះសន្លឹកឆ្នោតដែលបានរៀបចំមានចំនួន ៣៥០ សន្លឹក សន្លឹកឆ្នោតដែលបានចែកជូនមានចំនួន ២៩៦ សន្លឹក សន្លឹកឆ្នោតដែលមិនបានប្រើប្រាស់មានចំនួន ៥១ សន្លឹក និងសន្លឹកឆ្នោតខូចមានចំនួន ៣ សន្លឹក។

បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងកត់ត្រាស្ថិតិសន្លឹកឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតបានធ្វើរបាយការណ៍អំពីដំណើរការបោះឆ្នោត ព្រមទាំងរៀបចំហិបឆ្នោតដោយបិទត្រា ចាក់សោ និងចុះហត្ថលេខាតាមនីតិវិធី ដើម្បីធានាសុវត្ថិភាពក្នុងការរក្សាទុកសន្លឹកឆ្នោត។

ជាបន្ត ហិបឆ្នោតត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការគណបក្សស្រុកកញ្ជ្រៀច ដើម្បីបន្តនីតិវិធីរាប់សន្លឹកឆ្នោត ស្របតាមការណែនាំរបស់គណៈកម្មាធិការកណ្តាល និងគណៈកម្មាធិការគណបក្សខេត្តព្រៃវែង។

ក្នុងឱកាសបិទកម្មវិធី ឯកឧត្តម ឡោ ម៉េងហួត ប្រធានគណៈអធិបតី បានមានប្រសាសន៍បិទកម្មវិធី បន្ទាប់ពីដំណើរការបោះឆ្នោតបានបញ្ចប់តាមរបៀបវារៈដែលបានគ្រោងទុក។ ពិធីនេះបានបញ្ចប់នៅវេលាម៉ោង ១០:១៦ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល។

ជារួម ពិធីបោះឆ្នោតស្ទាបស្ទង់មតិនៅឃុំព្រាល បានប្រព្រឹត្តទៅតាមដំណាក់កាល និងនីតិវិធីដែលបានកំណត់ ដោយមានអង្គបោះឆ្នោតចូលរួមចំនួន ២៩៦ នាក់ ក្នុងចំណោមអង្គបោះឆ្នោតសរុប ៣១៧ នាក់ មកពីភូមិទាំង ១៦ ក្នុងឃុំព្រាល។ ចំណែកហិបឆ្នោតត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការគណបក្សស្រុកកញ្ជ្រៀច ដើម្បីបន្តនីតិវិធីរាប់សន្លឹកឆ្នោតតាមការណែនាំរបស់គណបក្ស។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *