លទ្ធផលកិច្ចប្រជុំ RBC៖ ភាគីទាំងពីរ ឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា បានបញ្ចប់ដោយជោគជ័យ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។
ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ នេះបើតាមក្រសួងការពារជាតិកម្ពុជា៕
#dolynews
