ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង 18.340ម៉ែត្រ នៅស្រុកព្រះស្តេច
ខេត្តព្រៃវែង : នាព្រឹកថ្ងៃចន្ទ ទី12 ខែឧសភា ឆ្នាំ2025 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង 18.340ម៉ែត្រ នៅភូមិព្រីង ឃុំក្រាងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង 18.340ម៉ែត្រ ដែលបានបើកការដ្ឋានស្ថាបនានេះ មានទីតាំងចាប់ពីផ្លូវជាតិលេខ1 (ត្រង់គីឡូម៉ែត្រលេខ83+300) ស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី នៃស្រុកព្រះសម្តេច ដោយត្រូវចំណាយពេលវេលាស្ថាបនាពី 6ខែ ទៅ 8ខែ ទើបរួចរាល់។
ការបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST នេះដែរ ក៏ជាតឹកតាំងថ្មីបន្ថែមទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី7 ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ស្របទៅតាមការអភិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ចជាតិ ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1 របស់រាជរដ្ឋាភិបាល ខណៈដែលកម្ពុជាយើងបាន និងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ2050 ពោលគឺក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់៕
#dolynews