លោកបណ្ឌិត ទូច វណ្ណៈ ៖ រាជរដ្ឋាភិបាលកម្ពុជា គួរកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ពលីជីវិត បន្ទាប់ពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ត្រូវបានបញ្ចប់
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត ទូច វណ្ណៈ (Touch Vannak) បានបង្ហោះសារតាមរយៈផេកផ្លូវការរបស់ខ្លួន ដោយដាក់ចំណងជើងថា “រាជរដ្ឋាភិបាលកម្ពុជា គួរកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ពលីជីវិត បន្ទាប់ពីជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ ត្រូវបានបញ្ចប់”។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងរបស់លោកបណ្ឌិត ទូច វណ្ណៈ ៖
ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលកម្ពុជារបស់យើង មានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យវែងឆ្ងាយ ក្នុងការដឹកនាំ និងការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារប្រជាជន ប្រឈមនឹងការឈ្លានពានរបស់បរទេស។
ជាងនេះទៅទៀត ខ្ញុំក៏សូមគោរពនិងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់វីរយុទ្ធជន ឈរជើងនៅសមរភូមិជួរមុខទាំងអស់ ដែលបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ ធ្វើពលិកម្មដើម្បីជាតិ មាតុភូមិ ជាទីស្រឡាញ់នៃយើង។
ខ្ញុំ និងក្រុមគ្រួសារ ក៏ដូចប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនទាំងអស់ ពិសេសចំពោះអ្នកដែលបានពលីជីវិតនៅក្នុងសមរភូមិ។
ដើម្បីជាការរំលឹកដល់វីរយុទ្ធជនស្នេហាជាតិទាំងអស់នោះ ក្នុងនាមជាពលរដ្ឋមួយរូប ខ្ញុំសូមគោរពស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជួយកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធ មានតម្កល់រូបថតភ្ជាប់ដោយជីវប្រវត្តិសង្ខេបរបស់វីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ នៅទីតាំងណាមួយ ដើម្បីទុកជានិមិត្តរូបនៃវីរភាពដ៏អង់អាចក្លាហានរបស់ពួកគាត់ និងដើម្បីឱ្យប្រជាពលរដ្ឋ បានគោរពដឹងគុណនិងចងចាំនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនទាំងអស់នោះ បន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ត្រូវបានបញ្ចប់ជាស្ថាពរ។
ជាមួយគ្នានេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពវីរកងទ័ព និងនគរបាល ដែលបានពលីជីវិតក្នុងជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងនគរបាលទាំងនោះ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
#dolynews