ព្រៃវែង៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ដើម្បីត្រៀមរៀបចំការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជន បេក្ខនារី ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំព្រាល និងអង្គបោះឆ្នោត សម្រាប់អាណត្តិទី៦ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក សយ សុត ប្រធានគណបក្សស្រុកកញ្ជ្រៀច លោក ឥន្ទ វិរិទ្ធ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុកកញ្ជ្រៀច លោក សុត សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សឃុំ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំព្រាល ក្រុមការងារគណបក្សស្រុក បេក្ខជន បេក្ខនារី និងអង្គបោះឆ្នោតសរុបចំនួន ៣១៦នាក់ ក្នុងនោះមានបេក្ខជន និងបេក្ខនារីចំនួន ៣២នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឡោ ម៉េងហួត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈអធិបតី ក្រុមការងារគណបក្ស បេក្ខជន បេក្ខនារី និងអង្គបោះឆ្នោតទាំងអស់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកញ្ជ្រៀច ដែលតែងតែយកចិត្តទុកដាក់ ផ្តល់ការណែនាំ និងចង្អុលបង្ហាញដល់ការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងអង្គបោះឆ្នោតអាណត្តិទី៦។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ឡោ ម៉េងហួត បានលើកឡើងពីបទពិសោធន៍នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អស់រយៈពេលជាង ៤៧ឆ្នាំកន្លងមក ដែលបានឆ្លងកាត់ឧបសគ្គ និងបញ្ហាប្រឈមជាច្រើន ដោយប្រកាន់ខ្ជាប់នូវស្មារតីតស៊ូ ភាពអង់អាចក្លាហាន និងការបត់បែនទៅតាមការវិវត្តនៃសភាពការណ៍ជាតិ និងអន្តរជាតិ។
ឯកឧត្តមបានបន្តថា តាមរយៈបទពិសោធន៍ទាំងនេះ គណបក្សប្រជាជនកម្ពុជាបានបន្តជំរុញការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឡោ ម៉េងហួត បានបញ្ជាក់ថា ការបោះឆ្នោតស្ទាបស្ទង់មតិដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាដំណាក់កាលដ៏សំខាន់ក្នុងការជ្រើសរើសបេក្ខជន និងបេក្ខនារីដែលមានសមត្ថភាព ថាមពល និងសក្តានុពល ដើម្បីរៀបចំជាបញ្ជីបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង សម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាពេលខាងមុខ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់អង្គបោះឆ្នោតទាំងអស់ឱ្យត្រៀមលក្ខណៈឱ្យបានល្អ ដោយត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរភ្ជាប់មកជាមួយ ស្លៀកពាក់ឱ្យបានសមរម្យ រក្សាភាពស្ងប់ស្ងាត់ មានក្រមសីលធម៌ និងសុជីវធម៌ល្អ ព្រមទាំងគោរពបទបញ្ជាផ្ទៃក្នុង និងស្តាប់តាមការណែនាំរបស់គណៈកម្មការរៀបចំការបោះឆ្នោត។
ចំពោះបេក្ខជន និងបេក្ខនារី ឯកឧត្តមបានណែនាំឱ្យយកចិត្តទុកដាក់លើការរៀបចំខ្លួនឱ្យបានសមរម្យ គោរពបទបញ្ជាផ្ទៃក្នុង រក្សាក្រមសីលធម៌ និងសុជីវធម៌ ព្រមទាំងប្រកាន់ខ្ជាប់នូវភាពស្ងប់ស្ងាត់ទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោត។
ជាពិសេស ឯកឧត្តមបានសង្កត់ធ្ងន់លើការប្រើប្រាស់សិទ្ធិបោះឆ្នោតដោយឆន្ទៈផ្ទាល់ខ្លួន មិនមានការបង្ខិតបង្ខំ ព្រមទាំងបំពេញតួនាទី និងការទទួលខុសត្រូវក្នុងនាមជាអង្គបោះឆ្នោត ប្រកបដោយភាពថ្លៃថ្នូរ និងសុជីវធម៌។
ពិធីសំណេះសំណាលនេះមានគោលបំណងបង្កើនការយល់ដឹង និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជន បេក្ខនារី ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំព្រាល និងអង្គបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងគោរពតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល ឯកឧត្តម ឡោ ម៉េងហួត ក៏បានអញ្ជើញបន្តចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ ជូនដល់សពកូនស្រីរបស់លោកពូ ឈុំ ដែលបានទទួលមរណភាពដោយរោគាពាធ។
ពិធីបុណ្យនេះបានរៀបចំឡើងនៅគេហដ្ឋានក្រុមគ្រួសារសព ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ លោកពូ ឈុំ បច្ចុប្បន្នជាជំទប់ទី២ នៃឃុំព្រាល។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ឡោ ម៉េងហួត បានចូលរួមរំលែកទុក្ខ និងសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់កូនស្រីជាទីស្រឡាញ់។ ការចូលរួមនេះបានបង្ហាញពីសមានចិត្ត និងការយកចិត្តទុកដាក់ចំពោះមន្ត្រីមូលដ្ឋាន ក៏ដូចជាក្រុមគ្រួសារដែលកំពុងជួបប្រទះនូវទុក្ខសោក។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបួងសួង និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភព និងសូមជូនពរក្រុមគ្រួសារសពទាំងមូល ឱ្យមានកម្លាំងចិត្តរឹងមាំ ដើម្បីឆ្លងកាត់នូវការបាត់បង់ដ៏ក្រៀមក្រំនេះ៕
#dolynews
