លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវ ឧបត្ថម្ភថវិកា ១លានរៀល ចូលរួមជួយគ្រួសារវីរកងទ័ពជួរមុខដែលមានកូនក្នុងបន្ទុក ១២នាក់

 

ព្រះវិហារ៖ ដោយមានទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់គ្រួសារវីរកងទ័ពជួរមុខ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ដើម្បីចូលរួមទិញសម្ភារ និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារវីរកងទ័ពជួរមុខមួយគ្រួសារ ដែលមានជីវភាពខ្វះខាត និងមានកូនចំនួន ១២នាក់ក្នុងបន្ទុក។

ការឧបត្ថម្ភនេះ ត្រូវបានប្រគល់តាមរយៈលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនគ្រួសារខាងលើ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិត្រពាំងសង្កែខាងកើត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យ ក្នុងការជួយសម្រាលការលំបាកផ្នែកជីវភាពរបស់គ្រួសារវីរកងទ័ព និងបង្ហាញពីស្មារតីចែករំលែក ការយកចិត្តទុកដាក់ ព្រមទាំងការដឹងគុណចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដី។


សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០ម៉ឺនរៀល ព្រមទាំងសម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនបន្ថែមទៀត ដើម្បីជួយដល់គ្រួសារខាងលើផងដែរ។

ចំពោះអំណោយដែលបានប្រគល់ជូន រួមមាន៖ អង្ករចំនួន ៤បេ មីចំនួន ២កេស ត្រីខចំនួន ៦ដុំ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង ស្ករស ខ្ទឹមស និងថវិកាចំនួន ៤០ម៉ឺនរៀល៕

#Dolynews

Leave a Reply

Your email address will not be published. Required fields are marked *