ស្វែងយល់ពីឯកសណ្ឋាន និងសញ្ញាស័ក្តិផ្លូវការរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់

ឯកសណ្ឋាន និងស័ក្តិផ្លូវការក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ពេលបំពេញការងារប្រចាំថ្ងៃ និងពេលចូលរួមវិធីផ្លូវការនានា ក្នុងគោលបំណងសំខាន់ លើកកម្ពស់សេចក្តីថ្លៃថ្នូរ កិត្តិយស របៀបរៀបរយ និងភាពច្បាស់លាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។ នេះបើតាមអនុក្រឹត្យស្តីពីការរៀបចំឯកសណ្ឋានការងារ និងសញ្ញាស័ក្តិ សម្រាប់សម្គាល់មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១១។

មាត្រា៣ នៃអនុក្រឹត្យ បានចែងថា សញ្ញាស័ក្តិទាំងអស់ត្រូវពាក់នៅលើស្មា ដោយធ្វើឡើងនៅលើផ្ទៃកម្ញីពណ៌ខ្មៅ និងមានការបែងចែករចនាបថយ៉ាងលម្អិតទៅតាមលំដាប់ថ្នាក់មុខតំណែង។ចំពោះមេឃុំ និងចៅសង្កាត់តួស័ក្តិខាងក្រោម រចនារំលេចដោយក្បាច់កួរស្រូវពណ៌មាស និងក្បាច់សន្លឹកភ្ញីទេសពណ៌មាសដាក់ខ្វែងគ្នា។ ផ្នែកខាងលើ មានរូបសាលាឃុំ ឡេវពណ៌មាសរូបព្រះរាជសង្ហារ និងបន្ទះក្បាច់ធ្មេញក្របីពណ៌មាសព័ទ្ធជុំវិញឋាន។ ផ្ទៃខាងក្រៅនៃក្បាច់ធ្មេញក្របី មានក្បាច់ខ្សែពួរវេញពណ៌មាស ព័ទ្ធជុំវិញចំនួន៣ជាន់។

ចំពោះជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សា តួស័ក្តិខាងក្រោម រចនារំលេចដោយក្បាច់កួរស្រូវ និងក្បាច់សន្លឹកភ្ញីទេសពណ៌ប្រាក់ដាក់ខ្វែងគ្នា។ ផ្នែកខាងលើ មានរូបសាលាឃុំពណ៌ប្រាក់ ឡេវពណ៌ប្រាក់រូបព្រះរាជសង្ហារ និងបន្ទះក្បាច់ធ្មេញក្របីពណ៌ប្រាក់ព័ទ្ធជុំវិញឋាន។ ការសម្គាល់តាមជាន់ខ្សែពួរវេញពណ៌ប្រាក់មានចំនួន២ប្រភេទ ដោយខ្សែពួរ២ជាន់សម្រាប់សម្គាល់មុខតំណែង ជំទប់ និងចៅសង្កាត់រង។ និង១ជាន់ សម្រាប់សម្គាល់មុខតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។

យោងតាមមាត្រា៤ នៃអនុក្រឹត្យដដែល ប្រភេទឯកសណ្ឋានសម្រាប់សម្គាល់មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានកំណត់យ៉ាងមានរបៀបរៀបរយ។ ចំពោះមន្ត្រីជាបុរស ពាក់អាវសឺមី កឌុប បើកក ដៃវែង ឬដៃខ្លីពណ៌កាគី មានប៉ូលស្មាសងខាងសម្រាប់បំពាក់ស័ក្តិ។ មានហោប៉ៅលើពីរដេរប៉ះ (មានផ្នត់កណ្តាល និងគម្របរាងស្លឹកពោធិ៍) ដោយហោប៉ៅនីមួយៗមានឡេវបញ្ឆោតពណ៌កាគី ព្រមទាំងមានឡេវខាងមុខពណ៌កាគីចំនួន៧គ្រាប់។ ខោជើងវែងពណ៌កាគី ថ្នេរបង្កប់ ចង្កេះត មានហោប៉ៅសរុបចំនួន ៤ (ហោប៉ៅខាងក្រោយ២ ដេរបង្កប់មានគម្របស្លឹកពោធិ៍ និងហោប៉ៅចំហៀង ២ ដេរបង្កប់តាមថ្នេរ) ព្រមទាំងមានភ្លី ២ នៅផ្នែកខាងមុខ។

ស្លាកឈ្មោះសម្រាប់ពាក់លើហោប៉ៅខាងស្ដាំ មានរាងជ្រុងទ្រវែង ដែលមានបណ្ដោយប្រវែង១០ សង់ទីម៉ែត្រ និងទទឹងប្រវែង ២,៥សង់ទីម៉ែត្រ ធ្វើអំពីជ័ររឹងថ្លា ផ្ទៃពណ៌ខៀវចាស់ និងមានខ្សែបន្ទាត់ពណ៌មាសទំហំ ០,២៥សង់ទីម៉ែត្រព័ទ្ធជុំវិញ។ នៅជួរខាងលើ មានសរសេរនាមត្រកូល និងនាមខ្លួនជាភាសាខ្មែរប្រភេទអក្សរមូលពណ៌មាសទំហំ ៣៣ និងជួរខាងក្រោមមានសរសេរមុខតំណែង ជាភាសាខ្មែរ ប្រភេទអក្សរមូលពណ៌មាសទំហំ២៧។សម្រាប់ស្បែកជើង គឺប្រើប្រាស់ស្បែកជើងឃ្លៀបកខ្លីពណ៌ខ្មៅ មានចងខ្សែ និងពាក់ស្រោមជើងពណ៌ខ្មៅ។

ចំពោះមន្ត្រីជានារី ពាក់អាវសឺមីកឌុប បើកក ដៃវែង ឬដៃខ្លីពណ៌កាគី មានសណ្ឋាន និងកាត់ដេរដូចអាវរបស់បុរសដែរ។ សំពត់ហ្ស៊ីបបត់ពណ៌កាគី មានសម្រុងត្រឹមលើភ្នែកគោលនៃស្នងជើងប្រវែងពី ១០ ទៅ ១៥ សង់ទីម៉ែត្រ (អាស្រ័យលើមាឌ និងកម្ពស់) ស្លាកឈ្មោះសម្រាប់ពាក់នៅលើហោប៉ៅខាងស្ដាំ មានភិនភាគដូចស្លាកឈ្មោះបុរសដែរ។ សម្រាប់ស្បែកជើងឃ្លៀបមុខក្រោយពណ៌ខ្មៅ មានកែងប្រវែងធម្មតា។

គួររម្លឹកដែរថា នៅទូទាំងប្រទេសកម្ពុជា មានឃុំ-សង្កាត់សរុបចំនួន១.៦៥២៕

#dolynews

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *