នាព្រឹកថ្ងៃទី20 ខែមេសា ឆ្នាំ2026នេះ សម្តេចតេជោ ហ៊ុន សែន រួមជាមួយឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ។

 

ប្រទេសចិន : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា« ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ពេលនេះគ្រូពេទ្យកំពុងតាមដាន ដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។

សម្តេចតេជោ បានបន្ថែមថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គ សូមអរព្រះគុណ និងអរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយ ព្រះពរចំពោព្រះអង្គ។ សម្តេចតេជោក៏បានឆ្លៀតយកឱកាសនេះ អរគុណប្រធាធិបតីចិន លោក សុី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សម្តេចតេជោ ក៏សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យ និងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា។

សម្តេចតេជោ បានឱ្យដឹងផងដែរថា សម្តេចតេជោ និងកូនប្រុសពីរនាក់ ហ៊ុន ម៉ានិត និងហ៊ុន ម៉ានី បានទៅដល់ប៉េកាំងតាំងពីថ្ងៃទី17 ខែមេសា ឆ្នាំ2026មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។

សម្តេចតេជោ បញ្ជាក់ថា ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញ នៅថ្ងៃ22 ខែមេសា ឆ្នាំ2026នេះវិញ»៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *