ប្រមុខក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព!
ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។
យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការនេះ មានឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍៤រូបទៀត។ អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។
បើតាមលិខិតបង្គាប់ការដដែល ក្រុមការងារនេះ ត្រូវសហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ និងបំពាក់ឱ្យបានទាន់ពេលវេលា និងទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គភាព វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរមធ្យោបាយ ឧបករណ៍ សម្ភារៈ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវ សម្រាប់ផ្តល់ជូន កងកម្លាំងនគរបាលការពារព្រំដែន។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ទន្ទឹមនឹងការឯកភាពផ្ដល់គោលការណ៍ឱ្យអគ្គស្នងការនគរបាលជាតិ បញ្ជូនថ្នាក់ដឹកនាំនគរបាលជាន់ខ្ពស់ ចេញទៅគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវជំនួយគាំទ្រចាំបាច់ជាច្រើនទៀតដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងជាមួយកងយោធពលខេមរភូមិន្ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ រួចរាល់ហើយ ខណៈជំនួយចាំបាច់មួយចំនួនទៀតក៏នឹងត្រូវផ្ដល់ជាបន្តបន្ទាប់ដែរ។
បើតាមលោក ទូច សុឃៈ ជំនួយដែលប្រមុខក្រសួងមហាផ្ទៃ បានបញ្ជូនទៅកាន់តំបន់ព្រំដែននោះ រួមមានសម្ភារៈបំពាក់បម្រើឱ្យការប្រយុទ្ធរបស់នគរបាលការពារព្រំដែន ស្បៀងអាហារនិងឱសថ អាវភ្លៀង មធ្យោបាយទំនាក់ទំនង ព្រមទាំងថវិកាមួយចំនួនទៀត។
អ្នកនាំពាក្យដដែលក៏បង្ហើបអំពីការត្រៀមដាក់ចេញគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីគាំទ្របេសកកម្មនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងប្រកៀកស្មាជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់និងប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
#dolynews