បុណ្យនិទាឃរដូវឬបុណ្យចូលឆ្នាំចិនជាថ្ងៃបុណ្យដ៏ធំនិងសំខាន់បំផុតរបស់ប្រជាជាតិចិន។ បច្ចុប្បន្ន បុណ្យចូលឆ្នាំចិនមិនត្រឹមតែជាថ្ងៃបុណ្យរបស់ជនជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃបុណ្យរបស់ប្រជាជនទូទាំងពិភពលោកផងដែរ ពីព្រោះតែបុណ្យចូលឆ្នាំចិនត្រូវបានដាក់បញ្ចូលក្នុង«បញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»របស់អង្គការយូណេស្កូកាលពីខែធ្នូឆ្នាំ២០២៤ ។

ក្រៅពីទំនៀមទម្លាប់ប្រពៃណី ដូចជាការបោសសម្អាតផ្ទះសម្បែងនិងបិទពាក្យទំនឹមចូលឆ្នាំចិន, ការជូនដំណើរទេវតាឆ្នាំចាស់និងទទួលទេវតាឆ្នាំថ្មី, ការសែនកុងម៉ា, ការទទួលទានអាហារជុំគ្រួសារ, ការជូនអាំងប៉ាវឱ្យឪពុកម្តាយឬឱ្យទៅក្មេងៗ។ល។ អ្វីដែលជាលក្ខណៈពិសេសនៃបុណ្យចូលឆ្នាំចិនគឺការរាប់ឆ្នាំតាមវដ្តនៃសត្វតំណាងឆ្នាំទាំង១២ ។ ដោយឡែក ឆ្នាំ២០២៦ នេះត្រូវជាឆ្នាំមមី ដែលត្រូវបានជនជាតិចិនចាត់ទុកថាជាឆ្នាំដែលតំណាងឱ្យភាពស្វាហាប់ ក្លៀវក្លានិងរឹងមាំ។ តើនៅក្នុងអរិយធម៌និងវប្បធម៌ចិន សត្វសេះជានិមិត្តរូបនៃអ្វី ហើយមានអត្ថន័យបែបណា?

«វប្បធម៌សេះ»របស់ចិនមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ បន្ទាប់ពីត្រូវបានផ្សាំងកាលពីជាង៥០០០ ឆ្នាំមុន សត្វសេះមិនត្រឹមតែបានបន្ថែមអត្ថន័យសម្រាប់អរិយធម៌ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជ្រាបចូលទៅក្នុងអរិយធម៌របស់ពិភពលោកផងដែរ។
ក្នុងសម័យបុរាណចិន សេះជាជំនិះដ៏សំខាន់បំផុតទាំងផ្នែកយោធានិងស៊ីវិល។ ក្នុងវិស័យយោធា សេះចម្បាំងដែលធំមាំនិងរត់បានលឿនគឺជា«អាវុធយុទ្ធសាស្ត្រ»សម្រាប់យកឈ្នះសត្រូវ និងសម្រាប់ដឹកជញ្ជូនស្បៀងទៅឱ្យកងទ័ព។ ឯក្នុងវិស័យស៊ីវិល សេះជាជំនិះសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ការដឹកជញ្ជូនអីវ៉ាន់និងជា«គូកន»មិនអាចខ្វះបានរបស់ក្រុមជនជាតិភាគតិចដែលជាអ្នកគង្វាល។
លើសពីនេះ សត្វសេះបានដើរតួនាទីមិនអាចខ្វះបានក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងបរទេសកាលពីសម័យបុរាណ។ កាលនោះ ក្រុមឈ្មួញចិនបានដឹកទំនិញតាមសេះយកទៅលក់នៅក្រៅប្រទេស ជាពិសេសស្លឹកតែដែលជាផលិតផលពិសេសរបស់ចិនជាទំនិញដែលមានប្រជាប្រិយភាពខ្លាំងនៅប្រទេសជិតខាង។ ផ្លូវដែលក្រុមឈ្មួញបរសេះដឹកតែយកទៅលក់ត្រូវបានគេហៅថា«ផ្លូវបុរាណតែនិងសេះ»។ ដោយឡែក នៅតាមផ្លូវសូត្របុរាណភាគពាយព្យក៏មានវត្តមានរបស់ក្រុមឈ្មួញដែលដឹកទំនិញតាមសត្វសេះផងដែរ។ ការធ្វើពាណិជ្ជកម្មឆ្លងដែននេះមិនត្រឹមតែជាការធ្វើជំនួញនោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយពីអរិយធម៌និងវប្បធម៌ចិនទៅកាន់ប្រទេសជិតខាងនិងការស្រូបយកអរិយធម៌និងវប្បធម៌នៃប្រទេសនានាចូលប្រទេសចិន ដែលជាដំណើរការនៃការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងអរិយធម៌ទីទៃគ្នា។
នៅក្នុងអរិយធម៌ចិនបុរាណ សត្វសេះត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃភាពស្វាហាប់ , ក្លៀវក្លា , អង់អាច , ថាមពល , ល្បឿន , ស្មោះត្រង់និងសិរីសួស្តី។ល។ អាស្រ័យហេតុនេះ ជនជាតិចិនបានបង្កើតពាក្យជាច្រើនដែលពាក់ព័ន្ធនឹងសត្វសេះ ឧទាហរណ៍ដូចជាពាក្យថា«ស្មារតីសេះនាគ»ដែលមានន័យថា មានថាមពលខ្លាំងក្លានិងស្មារតីអង់អាចក្លាហាន ហ៊ានតស៊ូពុះពារទៅមុខដូចសត្វនាគនិងសត្វសេះ។ ពាក្យថា«សេះពាន់លី» ( មួយលីស្មើនឹង០.៥គីឡូម៉ែត្រ ) ដែលមានន័យថាសត្វសេះដែលអាចរត់មួយថ្ងៃបានបួនប្រាំរយគីឡូម៉ែត្រ ដែលប្រៀបប្រដូចទៅនឹងធនធានមនុស្សដែលមានទេពកោសល្យខ្ពស់។ ពាក្យថា«សេះមកដល់ក៏ជោគជ័យ»ដែលមានន័យថាសេះចម្បាំងមកដល់ក៏អាចច្បាំងយកឈ្នះបាន តំណាងឱ្យការធ្វើអ្វីៗមានភាពរលូននិងឆាប់បានជោគជ័យ។
ក្នុងជំនឿនិងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិននាសម័យបុរាណ គេជឿថាសត្វសេះជាភ្នាក់ងារសម្រាប់ការទាក់ទងគ្នារវាងមនុស្សនិងទេវតា ដែលអាចបណ្តេញគ្រោះឧបទ្រពចង្រៃ ។ ដូច្នេះ ជនជាតិចិនសម័យបុរាណតែងតែគូររូបសត្វសេះលើខ្លោងទ្វារផ្ទះឬក្នុងគំនូរចូលឆ្នាំហើយយកទៅបិទលើទ្វារដើម្បីការពារកុំឱ្យខ្មោចព្រាយបិសាចលបចូលផ្ទះ បង្ការនិងបណ្តេញគ្រោះចង្រៃ និងនាំមកនូវសិរីសួស្តីនិងសេចក្តីសុខសេចក្តីចម្រើន។
ក្នុងស្នាដៃសិល្បៈបុរាណចិន រូបរាងរបស់សត្វសេះត្រូវបានផលិតជាសម្ភារៈផ្សេងៗនិងរំលេចឡើងក្នុងរូបគំនូរ។ បុព្វបុរសចិនបានបន្សល់ទុកនូវវត្ថុបុរាណជាច្រើនដែលពាក់ព័ន្ធនឹងសត្វសេះ ក្នុងចំណោមនោះ រូប«សេះជាន់ត្រចៀកកាំ»ដែលជាស្នាដៃសិល្បៈសំរឹទ្ធកំពូលក្នុងរជ្ជកាលហាន់ខាងកើត (ឆ្នាំ២៥-២២០ នៃគ្រិស្តសករាជ) ត្រូវបានរចនាជារូបសញ្ញាតំណាងឱ្យវិស័យទេសចរណ៍ចិននាសម័យបច្ចុប្បន្ន។ ចំណែកឯ«រូបស្មូនទាហាននិងសេះ»នៅក្នុងក្រុមសំណង់ផ្នូរអធិរាជ ឈីនស៊ី ដែលជាអច្ឆរិយវត្ថុទី៨ លើពិភពលោក មានសណ្ឋាននិងកាយវិការខុសៗគ្នា ដែលបង្ហាញពីភាពអង់អាចក្លាហាននៃក្បួនទ័ពសេះនៃរជ្ជកាលឈីន។
គួរបញ្ជាក់ថា ក្រៅពីការប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់បុរាណក្នុងឱកាសបុណ្យចូលឆ្នាំចិន ប្រជាជនចិនសម័យបច្ចុប្បន្នក៏និយមចូលចិត្តទស្សនាកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ចិននៅយប់ដាច់ឆ្នាំដើម្បីឆ្លងឆ្នាំថ្មីជាមួយក្រុមគ្រួសារក្នុងបរិយាកាសសប្បាយរីករាយ។ កម្មវិធីរាត្រីសមោសរឆ្នាំនេះនឹងធ្វើក្រោមប្រធានបទ«សេះពាន់លីបំផាយទៅមុខ កម្លាំងខ្លាំងមិនអាចរារាំងបាន»ដែលឆ្លុះបញ្ចាំងពី«វប្បធម៌សេះ»របស់ចិនតាមរយៈកម្មវិធីសម្តែងចម្រុះបែប។
អរិយធម៌ចិនដែលមានប្រវត្តិសាស្ត្រជាង៥០០០ ឆ្នាំបានបង្កើតជាទំនៀមទម្លាប់ប្រពៃណីចម្រុះបែប។ ឯបុណ្យចូលឆ្នាំចិនគឺជាការរំលេចពីវប្បធម៌ប្រពៃណីចិនតាមគ្រប់ទម្រង់និងគ្រប់សកម្មភាព ដែលញ៉ាំងឱ្យពិភពលោកបានយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ចិន។ មានតែការគោរព ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ទើបអាចកសាងពិភពលោកមួយដែលប្រកបដោយបរិយាបន្ននិងសុខដុមរមនា៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង ,
