មតិ​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​យ៉ាង​សាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជាសហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្មសម្តែងមតិ នៅទីតាំងចំនួន ២ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។

 

សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានឱ្យដឹថា ទីតាំងសម្តែងមតិថ្កោលទោសទាំង ២កន្លែងនោះ ទី១ នៅទីក្រុងសេអ៊ូល ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក នៅស្ថានីយ៍រថភ្លើង Noksapyeong និងបានធ្វើការដង្ហែក្បួនចំងាយ ៧០០ម៉ែត្រ និងឈប់នៅចំងាយ៥០០ម៉ែត្រពីស្ថានទូតថៃ។ ជាមួយគ្នានោះ ក៏មានតំណាង ៥នាក់បាននាំយកញត្តិទៅដាក់នៅស្ថានទូតថៃផងដែរ។ ចំណែកទីតាំងទី២ នៅទីក្រុងក្វាងជូធំ ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ២ ០០០នាក់ បានចាប់ផ្តើមនៅម៉ោង១១ព្រឹកដល់ម៉ោង ២ និង៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ។

សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នាទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូងចំនួនប្រមាណជិត ៦០០នាក់ ក៏បានប្រមូលផ្តុំគ្នានៅនៅទីក្រុងអាសាន ទីក្រុងក្វាងជូតូច និងនៅទីក្រុងក្វាងជូធំ ដើម្បីសម្តែងមតិថ្កោលទោសថៃដែលបានបើកការវាយប្រហារដ៏កំរោល រំលោភបំពានយ៉ាងសាហាវឃោរឃៅលើដែនអធិបតេយ្យភាពកម្ពុជា៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *