និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធទទួលបណ្ដឹងតាមកម្មវិធីទូរសព្ទដៃ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងពង្រឹងគុណភាពសេវាធានារ៉ាប់រង

 

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរសព្ទដៃ ឈ្មោះ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជន និងពង្រឹងគុណភាពសេវាធានារ៉ាប់រង។

ថ្លែងក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរស័ព្ទ ដៃ (Apps) មានឈ្មោះថា “បណ្ដឹងធានារ៉ាប់រង” អាចឱ្យប្រជាពលរដ្ឋដាក់បណ្ដឹងចំពោះ ក្រុមហ៊ុនធានារ៉ាប់រងណាដែលមិនបានបំពេញតួនាទីតាមលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង ។ ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ មានគោលបំណងផ្តល់យន្តការងាយស្រួលដល់អតិថិជនធានារ៉ាប់រងក្នុងការធ្វើបណ្ដឹងធានារ៉ាប់រង និងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ធានារ៉ាប់រង (InsurTech) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា ចាប់តាំងឆ្នាំ២០២២ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួលបណ្ដឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយនៅឆ្នាំ២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួល ២២បណ្ដឹង ច្រើនជាងចំនួនបណ្តាក្នុងឆ្នាំ២០២៣ ប្រមាណជា ៣ដង។ ក្នុងឆ្នាំ២០២៥ គិតត្រឹមឆមាសទី១ និ យ័តករធានារ៉ាប់រងកម្ពុជា បានទទួលបណ្តឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញចំនួន ២២បណ្តឹង។ ការណ៍នេះ បង្ហាញឱ្យឃើញថា សារធាណជន កាន់តែមានការយល់ដឹងស៊ីជម្រៅអំពីវិស័យធានារ៉ាប់រង ជាពិសេសយន្តការនៃការទទួលបណ្ដឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញរបស់និយ័តករធានារ៉ាប់រងកម្ពុជា។ នាពេលអនាគត ឯកឧត្តម សង្ឃឹមថា យន្តការដោះស្រាយបណ្តឹងតាមប្រព័ន្ធអនឡាញនេះ នឹងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ។

យោងតាមរបាយការណ៍ពីនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា នាដំណាច់ឆ្នាំ២០២៥ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ប្រមាណ ៣៧៥លានដុល្លារអាម៉េរិក នៃបុព្វលាភធានារ៉ាប់រងដុល ដោយមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៥ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមាន ១២ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៧ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានចំនួន ៥ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន ១ ក្រុមហ៊ុន។ ទោះជាយ៉ាងណា បើពិនិត្យលើអត្រាភាគទានក្នុងសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រង ឃើញថា នៅមានកម្រិតទាបធៀបនឹងតំបន់ ដែលនេះបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍ ប៉ុន្តែនៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ បញ្ហាប្រឈមចំបង គឺកង្វះទំនុចចិត្តរបស់ប្រជាជនលើគុណភាពសេវា ដោយកង្វះយន្តការសម្រាប់ប្រជាជនធ្វើបណ្តឹងដើម្បីទទួលដំណោះស្រាយសមស្រប និងច្បាស់លាស់គួរឱ្យទុកចិត្តបាន៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *