រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវបង្ក្រាបជនសង្ស័យ០២នាក់ (បរទេសម្នាក់,ខ្មែរម្នាក់) ជាក្រុមប្រើប្រាស់ឧបករណ៌ Fake BTS ដែលដាក់តាមរថយន្តដើម្បីប្រព្រឹត្តិអំពើមិនប្រក្រតី នៃការផ្ញើសារខ្លី (SMS) ឬការរំខានផ្សេងទៀត ប៉ះពាល់សន្តិសុខសង្គមជាតិ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ៖ ក្រោយកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនសង្ស័យទាំង០២នាក់បានហើយនោះ សមត្ថកិច្ចបានឈានទៅឆែកឆេរទីតាំងរបស់ក្រុមជនសង្ស័យ ដោយបានរកឃើញសម្ភារៈមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធ បំរុងនឹងរៀបចំដាក់តាមរថយន្តដើម្បីធ្វើសកម្មភាពបន្តទៀត ។

សូមបញ្ជាក់ថា ៖ ឧបករណ៌ Fake BTS នេះ ជាឧបករណ៍សម្រាប់ប្រព្រឹត្តិអំពើមិនប្រក្រតីនៃការផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងៗទៀត ទៅកាន់ទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ ។ សកម្មភាពទាំងនេះត្រូវបានធ្វើឡើងតាមរយៈការប្រើ ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station – Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់ដល់គុណភាពសេវា ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខជាតិ។

ឧបករណ៍ Fake BTS នេះ ស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទចល័ត ហើយបន្ទាប់មក គឺផ្ដាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះបញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់បណ្ដាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ ។

លោកឧត្តមសេនីយ៍ឯកស្នងការរាជធានីភ្នំពេញ សំណូមពរដល់បងប្អូនពលរដ្ឋ កុំចូលរួម ឬជួលរថយន្តឱ្យក្រុមនេះបំពាក់ឧបករណ៌ដូចភិនភាគខាងលើឱ្យសោះ ព្រោះពេលសមត្ថកិច្ចឃាត់ ឬចាប់បានដោយមានភ័ស្តុតាងគ្រប់គ្រាន់ ដាច់ខាតគឺត្រូវបញ្ជូនទៅកាន់ស្ថាប័ន្ថអយ្យការដើម្បីបន្តនីតិវិធីច្បាប់ ទាំងអ្នកប្រព្រឹត្ត រួមទាំងមធ្យោបាយធ្វើសកម្មភាពផងដែរ ៕
#dolynews

