ភ្នំពេញ៖ តាមរយៈ សេចក្តីបំភ្លឺ នៅរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមបំភ្លឺចំពោះការចោទប្រកាន់ ពាក់ព័ន្ធនឹងករណីរុះរើ ផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី ថាជាការកាត់ដីកម្ពុជាទៅឱ្យប្រទេសថៃនោះ គឺជាការមិនពិត និងប្រាស់ចាក ទាំងស្រុងពីស្មារតី នៃខ្លឹមសារលិខិតលេខ ០០២/២០២៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ និងគ្មានមូលដ្ឋាន ផ្លូវច្បាប់ ដោយហេតុថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។ ជាមួយគ្នានេះ ការអះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរ នៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់ថា កម្ពុជា និងថៃ គឺមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញ ឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលជាមួយគ្នាចំនួន ៧៤បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០០ (MOU2ooo)។
ជាថ្មីម្តងទៀត យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការ ការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងសូមប្រកាសគាំទ្រការដោះស្រាយបញ្ហា ព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕