គិតត្រឹមពេលនេះការប៉ះទង្គិចនៅភូមិព្រៃចាន់ ក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់

គិតត្រឹមពេលនេះការប៉ះទង្គិចនៅភូមិព្រៃចាន់
ក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់

ខេត្តបន្ទាយមានជ័យ : ក្រុមគ្រូពេទ្យដែលជាទ័ពអាវស បានចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន ២៩នាក់ រួមមាន ស្រី ២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិច កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦:១៥នាទី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ក្នុងចំណោមអ្នករងរបួស ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី ចំណែកវីរជនកងទ័ពមួយនាក់ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង។

សូមជម្រាបជូនថា កងទាហានសៀមបានរាយបន្លាលួសសារជាថ្មី នៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានកម្លាំងសាមគ្គីប្រជាជនចេញតវ៉ា ក្នុងនោះ កងទាហានសៀមបានប្រើអំពើហិង្សាឃោរឃៅ ដោយ៖បាញ់ផ្សែងពុល ប៉ះពាល់ដល់ប្រព័ន្ធដង្ហើម និងភ្នែក បាញ់កាំភ្លើង កូនគ្រាប់កៅស៊ូ និងគ្រាប់ឃ្លី បណ្តាលឲ្យរងរបួសធ្ងន់ស្រាលប្រើឧបករណ៍បំពងសម្លេងខ្លាំង ប៉ះពាល់ដល់ប្រព័ន្ធស្តាប់ និងសុខភាពសាធារណៈ។

យ៉ាងណាម៉ិញ ក្រុមគ្រូពេទ្យបានអះអាងថា នេះជាអំពើឃោរឃៅ និងអមនុស្សធម៌ មកលើប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលគ្មានអាវុធ ហើយគួរត្រូវបានកត់សម្គាល់ និងចងចាំជាប្រវត្តិសាស្ត្រមនុស្សជាតិ
យើងខ្ញុំ សូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសហភារៈទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងស្មោះត្រង់ ស្វិតស្វាញ និងដោយបុរេសកម្ម ក្នុងការជួយសង្គ្រោះ និងបម្រើប្រជាជន និងជាតិមាតុភូមិ។

គួរអោយដឹងថា បើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «អំពើហិង្សាដែលបង្កដោយទាហានថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ»។

សូមរំលឹកផងដែរថា ករណីនេះ បានកើតឡើង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៣៖៤៤នាទី ដោយកងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋដែលនៅទីនោះបានចេញមុខរាវាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ។

ហើយការតវ៉ាការពារដីស្របច្បាប់របស់ខ្លួន បានបណ្តាលឱ្យ សមត្ថកិច្ចថៃបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមុខលើប្រជាពលរដ្ឋខ្មែរ និងប្រើប្រាស់ឧបករណ៍សំឡេង ដែលធ្វើឲ្យប៉ះពាល់ទៅដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ចម្ពាមកៅស៊ូគ្រាប់ឃ្លី បណ្តាលឲ្យកងកម្លាំង ប្រជាពលរដ្ឋ និងព្រះសង្ឃចំនួនយ៉ាងតិច២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។

ករណីនេះទង្វើរបស់កងកម្លាំងចម្រុះរបស់ថៃ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ចាត់ទុកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះបទឈប់បាញ់ និងគោលការណ៍ទាំងឡាយ ដែលប្រទេសទាំងពីរឯកភាពគ្នា។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *