កុមារទី១២៣ដល់ទី១២៥ ត្រៀមខ្លួនចេញដំណើរទៅទទួលយកការវះកាត់និងព្យាបាលដោយឥតគិតថ្លៃលើជំងឺបេះដូងពីកំណើត
ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងជំនួបជាមួយអាណាព្យាបាលនិងកុមារទាំង៣រូបដែលត្រូវទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃលើជំងឺបេះដូងពីកំណើត លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនិងអង្គពាក់ព័ន្ធនានាដែលតែងបានយកចិត្តទុកដាក់ជាអាទិភាពលើសុខុមាលភាពរបស់កុមារ។
ក្រោមម្លប់ដ៏រឹងមាំនៃមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន និងចំណងមេត្រីភាពនៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី លោកបណ្ឌិតបានថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន អង្គការYUNDI មូលនិធិចិនPeaceland និងសមាគមសេវាគាំពារចិននៅភ្នំពេញដែលបានសម្របសម្រួលជួយដល់កុមារទាំង៣រូបទាំងពេលចាប់ផ្តើមចុះពិនិត្យសុខភាព ពេលទទួលបានរោគវិនិច្ឆ័យផ្លូវការពីស្ថានភាពនៃជំងឺបេះដូង ការរៀបចំឯកសារស្នើសុំលិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះ ព្រមទាំងមកដល់ពេលនេះ ក្រុមការងារបានជួយសម្របសម្រួលដើម្បីជូនក្រុមគ្រួសារនិងកុមារទាំង៣រូបមកដល់រាជធានីភ្នំពេញដើម្បីត្រៀមធ្វើដំណើរចេញទៅទទួលយកការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ប្រទេសចិន។
តំណាងលោកស្រី Huang Ruihua ប្រធានសមាគមសេវាគាំពារចិននៅភ្នំពេញ លោក Pan Ganwu បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៨មក ជានិច្ចកាលលោកស្រី Huang Ruihuaបានតាមដានយ៉ាងយកចិត្តទុកដាក់លើបេសកកម្មរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការជួយដល់កុមារកម្ពុជាក្រោមអាយុ១៤ឆ្នាំដែលមានជំងឺបេះដូងពីកំណើត ដើម្បីសម្របសម្រួលយកទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។
លោក Pan Ganwu បានបន្ថែមថា ក្នុងឆន្ទៈជួយដល់បេសកកម្មនេះឱ្យកាន់តែមានប្រសិទ្ធភាព លោកស្រី Huang Ruihua បានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាងរួមទាំងផ្នែកហិរញ្ញវត្ថុដើម្បីផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមជាថ្មីដល់កុមារកម្ពុជា។
តំណាងដល់ក្រុមគ្រួសារកុមារទាំង៣រូបមកពីក្រុងរុនតាឯក និងស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដែលប្រជាជនកម្ពុជាបានបន្តជ្រកនៅក្រោមម្លប់សុខសន្តិភាព និងវិបុលភាពលើគ្រប់វិស័យ ហើយលោកអភិបាលរងបានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តកម្ពុជា គឺក្នុងសករាជតេជោ-ធិបតី ប្រជាជនកម្ពុជា ជាពិសេសកុមារទទួលបាននូវការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុតលើវិស័យសុខុមាលភាព។
ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយអង្គពាក់ព័ន្ធនានា ជាពិសេសសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការជួយដោយឥតគិតថ្លៃដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ហើយគិតមកដល់ពេលនេះក្នុងចំណោមកុមារទាំង១២៥រូបដែលបានទៅវះកាត់និងព្យាបាលឥតគិតថ្លៃលើជំងឺបេះដូងពីកំណើតនេះ ស្រុកបន្ទាយស្រីមានកុមារជាសះស្បើយចំនួន១០រូបផងដែរ៕
#dolynews