បានស្ដារការណុងមួយគ្រាប់ គម្រាមបុគ្គលម្នាក់នៅខណ្ឌកំបូល កំពុងស៊ើបអង្កេត
រាជធានីភ្នំពេញ : តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ករណីផ្សព្វផ្សាយព័ត៌មានផ្ទុះអាវុធ1គ្រាប់នៅតាមទីសាធារណៈកាលពីយប់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2025នេះ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ដោយលោកអធិការរងខណ្ឌដង្កោ ឈ្មោះ ទូច សេងហ៊ ជាអ្នក បំផ្ទុះអាវុធ រឿងទំនាស់តិចតួចជាមួយអ្នកជិតខាងនៅក្នុងភូមិនោះ ចំណែកឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្រ្តីជំនាញស្រាវជ្រាវ នាំលោកអធិការរងខាងលើយកមកសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការពិនិត្យសម្រេច។
សូមបញ្ជាក់ថា កន្លងមកឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថាមានកាយវិកា ពាក្យសំដី គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ រឺធ្វើសកម្មភាព ប៉ះពាល់អារម្មណ៍ និងខុសឆ្គងចំពោះប្រជាពលរដ្ឋណាមួយនោះ ដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ៕
#dolynews