ស្វែងយល់សង្ខេប អំពីលទ្ធផលការងារស្នូលទាំង៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ!
ថ្វីដ្បិតតែអគ្គនាយកដ្ឋានធនធានមនុស្សជាអង្គភាពថ្មីមួយ នៃក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាទើបតែបង្កើតឡើងក្តី ប៉ុន្តែអគ្គនាយកដ្ឋានបានខិតខំយកចិត្តទុកដាក់បំពេញការងារស្នូលប្រចាំថ្ងៃយ៉ាងសកម្ម លើការងារបុគ្គលិកនិងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបានខិតខំរៀបចំបង្កើតនិងកែសម្រួលលិខិតបទដ្ឋានគតិយុត្តជាច្រើន សម្រាប់គាំទ្រដល់ការបំពេញភារកិច្ចរបស់ខ្លួន ដោយទទួលបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ជូនក្រសួងមហាផ្ទៃ។
ជាក់ស្តែងផ្អែកតាមរបាយការណ៍លទ្ធផលការងារ ដែលអគ្គនាយកដ្ឋានធនធានមនុស្សសម្រេចបាននាពេលកន្លងមកនេះ ក្នុងនោះមានការងារស្នូលសំខាន់ៗចំនួន៤ រួមមាន ទី១ ការលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំនិងគ្រប់គ្រង គឺបានផ្ដោតសំខាន់ទៅលើការរៀបចំធនធានមនុស្ស និងបែងចែងភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់កម្រិត ស្របតាមជំនាញនិងបទពិសោធ បាននិងកំពុងរៀបចំរបាយការណ៍វឌ្ឍនភាពការងារវិភាគមុខងារនិងរចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមហាផ្ទៃ ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល៥ឆ្នាំ (២០២៥-២០២៩) របស់ក្រសួងមហាផ្ទៃ និងទៅលើការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំនិងគ្រប់គ្រងមន្រ្តីរាជការក្រសួងមហាផ្ទៃ។ បន្ថែមលើនេះ អគ្គនាយកដ្ឋានធនធានមនុស្ស បានកែសម្រួលរបៀបរបបការងារមួយចំនួន ដែលជាលទ្ធផលបានធ្វើឱ្យមន្ត្រីបំពេញភារកិច្ចកាន់តែប្រសើរឡើង និង មានប្រសិទ្ធភាពជាងមុន។
ទី២ ការងារបុគ្គលិក និងអភិវឌ្ឍធនធានមនុស្ស អគ្គនាយកដ្ឋានបានពិនិត្យ និងលើកយោបល់ជូន ឯកឧត្ដមអភិសន្តិបណ្ឌិត លើការងារតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្ដិ ផ្ទេរសម្រួលភារកិច្ច ការអនុវត្តទណ្ឌកម្មខាងវិន័យ និងការដាក់ឱ្យចូលនិវត្តន៍ ជាដើម ដល់មន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ ដោយអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ទប់ស្កាត់មិនឱ្យមានការរីកប៉ោងរចនាសម្ព័ន្ធនៅតាមអង្គភាពនានា បានពិនិត្យនិងលើកយោបល់លើសំណើនានា ដើម្បីជៀសវាងការបន្ថែមមុខតំណែង និងការរីកប៉ោងឋានន្តរស័ក្ដិដែលមិនសមស្របនឹងមុខតំណែង នៅក្នុងជួរកងកម្លាំងនគរបាលជាតិ ក៏ដូចជាមន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល តាមដានការគ្រប់គ្រងវត្តមាន និងការគោរពបទវិន័យរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ជាពិសេស កងកម្លាំងនគរបាលជាតិកម្ពុជា ធ្វើយ៉ាងណាឱ្យកងកម្លាំងនគរបាលជាតិរបស់យើងនៅទូទាំងប្រទេស មានវិន័យ មានសេចក្ដីថ្លៃថ្នូរ និងមានជំនឿទុកចិត្តពីសាធារណជន ក្នុងការបំពេញការងារជូនប្រទេសជាតិនិងប្រជាពលរដ្ឋ និងបានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង និងបានចាត់បញ្ជូនមន្រ្តីរាជការទៅចូលរួមវគ្គបំប៉នជំនាញស្របទៅតាមភារកិច្ចរបស់អង្គភាពនីមួយៗ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងទៅចូលរួមសិក្ខាសាលាផ្សេងៗ។
ទី៣ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត អគ្គនាយកដ្ឋានធនធានមនុស្សបានរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ និងផែនការសកម្មភាពប្រចាំឆ្នាំជាច្រើន ព្រមទាំងបានកសាងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ដើម្បីជួយគាំទ្រដល់ការងារដឹកនាំ និងគ្រប់គ្រង រួមមាន អនុក្រឹត្យចំនួន២ ប្រកាសចំនួន៧ សេចក្តីសម្រេចចំនួន៤ សេចក្តីណែនាំចំនួន៣ និងសេចក្តីជូនដំណឹងចំនួន៧។ បន្ថែមលើនេះ អគ្គនាយកដ្ឋាន បាននិងកំពុងបន្តរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តមួយចំនួន រួមមាន សេចក្តីព្រាងច្បាប់ស្តីពីរបបសោធននិវត្តន៍និងបាត់បង់សមត្ថភាពការងាររបស់មន្រ្តីនគរបាលជាតិកម្ពុជា សេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់មន្រ្តីនគរបាលជាតិឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស សេចក្តីព្រាងអនុក្រឹត្យស្តីពីរបបសោធននិវត្តន៍និងបាត់បង់សមត្ថភាពការងាររបស់មន្រ្តីពន្ធនាគារ សេចក្តីព្រាងអនុក្រឹត្យស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស សេចក្តីព្រាងប្រកាសស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល៥ឆ្នាំ(២០២៥-២០២៩) របស់ក្រសួងមហាផ្ទៃ សេចក្តីព្រាងសេចក្តីណែនាំស្តីពីការគ្រប់គ្រងទិន្នន័យ និងកម្មវិធីវត្តមាន សុំច្បាប់និងអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សេចក្តីព្រាងសេចក្តីណែនាំស្តីពីគោលការណ៍បែបបទនិងនីតិវិធីនៃការតែងតាំង និងដំឡើងឋានន្តរស័ក្តិ ថ្នាក់មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ។
ទី៤ ការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការ អគ្គនាយកដ្ឋាន បាននិងកំពុងរៀបចំធ្វើទំនើបកម្មនិងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្ត្រីពន្ធគារ ដើម្បីបម្រើឱ្យការងារបុគ្គលិកប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគ្គនាយកដ្ឋានក៏បានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធីគ្រប់គ្រងវត្តមាន (VATTHMEAN) ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានធនធានមនុស្ស លើមុខងារសំខាន់ៗ៣ ការគ្រប់គ្រងវត្តមាន សុំច្បាប់ និងបេសកកម្ម ដែលការងារនេះ គឺអនុវត្តតាមគោលការណ៍ បទប្បញ្ញត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ និងមតិដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួង ជាពិសេស ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យឆ្លើយតបទៅនឹងកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ២៧៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលគិតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំ និង១០ខែមកហើយ និងមានរចនាសម្ព័ន្ធ នាយកដ្ឋានចំណុះចំនួន៤ រួមមាន នាយកដ្ឋានរដ្ឋបាលសរុប នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ និងនាយកដ្ឋានគោលនយោបាយ។ បច្ចុប្បន្ន អគ្គនាយកដ្ឋាននេះ មានឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ជាអគ្គនាយក៕
#dolynews