ឯកឧត្តម ឡោ ម៉េងហួត ដឹកនាំក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ស ថេត ចុះពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យ និងថវិកាមួយចំនួនដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅឃុំព្រាល

 

ព្រៃវែង៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល បានដឹកនាំសមាជិក សមាជិកាក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ស ថេត ដែលដឹកនាំដោយវេជ្ជបណ្ឌិត បឿន សាលី ចុះពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យ និងថវិកាមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយមិនគិតថ្លៃ។

សកម្មភាពមនុស្សធម៌នេះត្រូវបានអនុវត្តជាពីរផ្នែក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខាភិបាល។ ជាក់ស្តែង ផ្នែកទី១ ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពិនិត្យសុខភាព ផ្តល់ការណែនាំអំពីការថែទាំសុខភាព និងចែកជូនថ្នាំពេទ្យតាមតម្រូវការចាំបាច់ ជាពិសេសចំពោះមនុស្សចាស់ជរា អ្នកមានជំងឺប្រចាំកាយ និងប្រជាពលរដ្ឋដែលមានការលំបាកក្នុងការធ្វើដំណើរមកទទួលសេវាពិនិត្យសុខភាព។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានផ្តល់ថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

ដោយឡែក ផ្នែកទី២ ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានរៀបចំការពិនិត្យសុខភាពនៅសាលាឃុំព្រាល ដោយមានប្រជាពលរដ្ឋចំនួន ៤២ គ្រួសារ មកពីភូមិទាំង ១៦ ក្នុងឃុំព្រាល បានមកទទួលសេវាពិនិត្យសុខភាព និងថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំងទទួលបានការយកចិត្តទុកដាក់ និងការណែនាំពីក្រុមគ្រូពេទ្យជំនាញ។

ការចុះពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យ និងថវិកាមួយចំនួននេះ បានរួមចំណែកជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត មនុស្សចាស់ជរា និងអ្នកដែលត្រូវការការយកចិត្តទុកដាក់ផ្នែកសុខភាព។ លើសពីនេះ ការផ្តល់ការណែនាំពីក្រុមគ្រូពេទ្យក៏ជួយបង្កើនការយល់ដឹងអំពីការថែទាំសុខភាព ការបង្ការជំងឺ និងសារៈសំខាន់នៃការពិនិត្យសុខភាពឱ្យបានទៀងទាត់។

សកម្មភាពនេះបានបង្ហាញពីកិច្ចសហការរវាងក្រុមការងារមូលដ្ឋាន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ស ថេត ក្នុងការនាំយកសេវាសុខាភិបាលឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ព្រមទាំងបង្ហាញពីស្មារតីចែករំលែក ការយកចិត្តទុកដាក់ និងការចូលរួមចំណែកក្នុងការងារមនុស្សធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

គួរបញ្ជាក់ថា ឯកឧត្តម ស ថេត ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

#Dolynews

Leave a Reply

Your email address will not be published. Required fields are marked *