កំពង់ស្ពឺ៖ ម្ចាស់គណនី Facebook ឈ្មោះ Oeurn Sokunthea បានបង្ហោះសារសុំទោសជាសាធារណៈចំពោះសមត្ថកិច្ច កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានបង្ហោះសារចោទប្រកាន់ថា ការអនុវត្តច្បាប់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤១ មានការមិនប្រក្រតីពាក់ព័ន្ធនឹងការផាកពិន័យ និងការដកពិន្ទុបណ្ណបើកបរ។

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ គណនី Facebook ខាងលើបានបង្ហោះសារព្រមានអ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នចំពោះការត្រួតពិនិត្យល្បឿននៅចន្លោះគីឡូម៉ែត្រលេខ៣០-៣១ លើផ្លូវជាតិលេខ៤១ ដោយលើកឡើងថា ការបង់ប្រាក់ពិន័យចំនួន ១២០.០០០រៀល ត្រូវដកពិន្ទុបណ្ណបើកបរ១ពិន្ទុ ខណៈការបង់ប្រាក់ចំនួន ១៨០.០០០រៀល មិនត្រូវបានដកពិន្ទុឡើយ។

ទោះជាយ៉ាងណា យោងតាមសេចក្តីបំភ្លឺរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍របស់នាយកដ្ឋាន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិបឹងពាត់ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់រថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2Z-4299 ដែលបើកបរដោយឈ្មោះ អឿន សុគន្ធា ដោយរកឃើញថា រថយន្តបានបើកបរក្នុងល្បឿន ៧២គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈផ្លាកសញ្ញាកំណត់ល្បឿនត្រឹមតែ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមការបំភ្លឺរបស់នាយកដ្ឋាន អ្នកបើកបរបានទទួលស្គាល់កំហុស និងបង់ប្រាក់ពិន័យចំនួន ១២០.០០០រៀល ព្រមទាំងត្រូវបានដកពិន្ទុបណ្ណបើកបរ១ពិន្ទុ ស្របតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ អនក្រ.បក។ សមត្ថកិច្ចក៏បានចេញបង្កាន់ដៃពិន័យអន្តរការណ៍ជូនអ្នកបើកបរតាមនីតិវិធីផងដែរ។
ក្រោយមក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ម្ចាស់គណនី Facebook ឈ្មោះ Oeurn Sokunthea បានបង្ហោះសារសុំទោសសមត្ថកិច្ច ដោយទទួលស្គាល់ថា ខ្លួនមានការភាន់ច្រឡំចំពោះការអនុវត្តច្បាប់ចរាចរណ៍ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសការបើកបរតាមល្បឿនដែលបានកំណត់ដោយផ្លាកសញ្ញា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
#dolynews
