ព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល បានដឹកនាំសមាជិក សមាជិកាគណបក្សឃុំ នាំយកទេយ្យទាន និងទេយ្យវត្ថុ រួមមាន មី កាហ្វេកំប៉ុង កាហ្វេប្រអប់ ទឹកដោះគោកំប៉ុង ទឹកសុទ្ធ និងថវិកាមួយចំនួន ប្រគេនព្រះសង្ឃតាមបណ្តាវត្តនានា ក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី៩។

ការរៀបចំទេយ្យទាន និងទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងឱកាសនេះ គឺជាការចូលរួមចំណែកក្នុងការលើកស្ទួយ និងថែរក្សាព្រះពុទ្ធសាសនា ព្រមទាំងចូលរួមអភិរក្សទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
ទេយ្យទាន និងទេយ្យវត្ថុ ត្រូវបាននាំយកទៅប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តចំនួន ៦ ក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច រួមមាន៖

១. វត្តត្រពាំងថ្លាន់
២. វត្តធម្មលង្កា
៣. វត្តរម្មណីវ័ន្ត ហៅវត្តព្រៃតាព្រហ្មណ៍
៤. វត្តពោធិរង្សី ហៅវត្តត្រពាំងទឹម
៥. វត្តពោធិរតនារាម ហៅវត្តគោកថ្ងាន់
៦. វត្តពោធិសត្ថារាម ហៅវត្តអណ្ដូងសាលា

ការចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះ បានបង្ហាញពីស្មារតីគោរពប្រតិបត្តិតាមប្រពៃណីព្រះពុទ្ធសាសនា និងការចូលរួមថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងារ និងសមាជិក សមាជិកាគណបក្ស ក្នុងការចូលរួមលើកស្ទួយព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ឱ្យបន្តគង់វង្សតទៅជំនាន់ក្រោយ៕
#Dolynews

