(ហ្សឺណែវ) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ បទបង្ហាញអំពីរបាយការណ៍របស់អគ្គលេខាធិការស្តីពី “តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស”។

នៅក្នុងបទអន្តរាគមន៍ ឯកឧត្តមបានថ្លែងអំណរគុណដល់អគ្គលេខាធិការចំពោះរបាយការណ៍ និងបានគូសបញ្ជាក់ថា អាទិភាពសិទ្ធិមនុស្សរបស់កម្ពុជា គឺផ្អែកលើបទពិសោធន៍សង្គ្រាម និងការបែកបាក់ ដោយមានសន្តិភាព ការអភិវឌ្ឍ នីតិរដ្ឋ និងសុខុមាលភាពប្រជាជន ជាស្នូល។

ឯកឧត្តមលើកទឹកចិត្តឱ្យការវាយតម្លៃទៅលើស្ថានភាពកម្ពុជាធ្វើឡើងដោយយុត្តិធម៌ មានតុល្យភាព និងមិនលំអៀង ដោយផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងស្ថានភាពជាក់ស្តែងក្នុងប្រទេស។

ឯកឧត្តមក៏បានសម្តែងការសោកស្តាយ ដែលអនុសាសន៍មួយចំនួនហាក់ដូចជាដាក់ការទទួលខុសត្រូវលើកម្ពុជាចំពោះលទ្ធផលដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ឬពីភាគីផ្សេងទៀត ដូចជាការវិលត្រឡប់របស់ជនភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

ទន្ទឹមនេះ ឯកឧត្តមបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងបានអំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមក្នុងក្របខណ្ឌរបៀបវារៈទី១០ ជាពិសេសដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ បច្ចុប្បន្នអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *