ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានរៀបចំពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានទី១ អនុប្រធានក្រុមការងារ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារទាំង ៥ និងក្រុមការងារទទួលបន្ទុកភូមិទាំង ១៦ ក្នុងឃុំព្រាល ចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយបរិយាកាសសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។

ការប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារនាពេលនេះ មានគោលបំណងពង្រឹងរចនាសម្ព័ន្ធការដឹកនាំ បង្កើនប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច និងជំរុញការចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយ និងទិសដៅរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម ឡោ ម៉េងហួត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានគណបក្សឱ្យកាន់តែរឹងមាំ។ ឯកឧត្តមក៏បានជំរុញឱ្យសមាជិក សមាជិកាទាំងអស់ បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តម ឡោ ម៉េងហួត បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងក្រុមការងារចុះមូលដ្ឋានទាំងអស់ថា៖
«នៅពេលចុះជួបសំណេះសំណាលប្រជាពលរដ្ឋតាមខ្នងផ្ទះ សូមបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ស្តាប់បញ្ហា ស្វែងយល់ពីតម្រូវការជាក់ស្តែង និងពន្យល់អំពីសមិទ្ធផល ព្រមទាំងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយភាពសុភាពរាបសារ និងស្និទ្ធស្នាល។ អ្វីដែលខ្ញុំសូមតែមួយគត់ គឺសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសជាតិឱ្យស្ថិតស្ថេរជានិច្ច»។

ពិធីប្រកាសនាពេលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម សាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ ដោយក្រុមការងារទាំងអស់បានបង្ហាញឆន្ទៈរួមគ្នាក្នុងការអនុវត្តភារកិច្ចឱ្យបានល្អប្រសើរ បន្តចុះជាប់ជាមួយប្រជាពលរដ្ឋ ដោះស្រាយកង្វល់នៅមូលដ្ឋាន និងរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
#dolynews

