លោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ ត្រូវបានពលរដ្ឋប្តឹងចោទប្រកាន់ពីបទស៊ីដាច់លុយរត់ការប្លង់ដី និងលាក់ទុកឯកសារច្បាប់ដើម

 

ខេត្តកោះកុង៖ លោក សំ ផល្លី ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ នៃសាលាខេត្តកោះកុងម្នាក់ត្រូវបានប្រជាពលរដ្ឋម្នាក់បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់លោកស្រីអភិបាលនៃគណៈអភិបាលខេត្តកោះកុង ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ ជុំវិញករណីមន្ត្រីរដ្ឋបាលម្នាក់រងការចោទប្រកាន់ថាបានយកប្រាក់កម្រៃសេវាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ហើយបែរជាបដិសេធមិនព្រមប្រគល់ឯកសារច្បាប់ដើមជូនម្ចាស់ដីវិញ ថែមទាំងព្រហើនបដិសេធថាមិនបានទទួលឯកសារទាំងនោះទៀតផង។

យោងតាមពាក្យស្នើសុំអន្តរាគមន៍ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ របស់ជនរងគ្រោះឈ្មោះ អ៊ូ មករា បានឱ្យដឹងថា ភាគីរងការចោទប្រកាន់គឺលោមន្ត្រីសាលាខេត្តកោះកុងម្នាក់ រងការប្តឹងចោទប្រកាន់ពីបទស៊ីដាច់លុយរត់ការប្លង់ដី និងលាក់ទុកឯកសារច្បាប់ដើមរបស់ប្រជាពលរដ្ឋ។

យោងតាមពាក្យស្នើសុំអន្តរាគមន៍ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ របស់ជនរងគ្រោះឈ្មោះ អ៊ូ មករា បានឱ្យដឹងថា ភាគីរងការចោទប្រកាន់គឺលោក សំ ផល្លី ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ នៃសាលាខេត្តកោះកុង។ នៅក្នុងខ្លឹមសារលិខិតនោះ លោក អ៊ូ មករា បានរៀបរាប់ថា កាលពីពាក់កណ្តាលឆ្នាំ២០២៣ លោក សំ ផល្លី បានអះអាងប្រាប់ខ្លួនថា អាចរត់ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ឬប្លង់រឹងបាន តាមរយៈតួនាទីរបស់ខ្លួននៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ដោយទាមទារប្រាក់កម្រៃសេវាចំនួន ៤,០០០ ដុល្លារអាមេរិកខណៈលោកប្រគល់ឲ្យជាបន្តបន្ទាប់។

ដោយមានទំនុកចិត្តលើឋានៈជាមន្ត្រីរាជការ ជនរងគ្រោះបានយល់ព្រមប្រគល់ប្រាក់ និងឯកសារច្បាប់ដើមសំខាន់ៗចំនួនពីរច្បាប់ រួមមានលិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីធ្លីឆ្នាំ២០០៦ និងពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីឆ្នាំ២០២២ ដែលសុទ្ធសឹងតែមានការដឹងឮនិងចុះហត្ថលេខាដោយអាជ្ញាធរភូមិ-ឃុំ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីទទួលបានទាំងប្រាក់និងឯកសារច្បាប់ដើមទៅគ្រប់គ្រង លោក សំ ផល្លី មិនបានបំពេញកាតព្វកិច្ចដូចការសន្យានោះទេ ថែមទាំងព្យាយាមគេចវេស និងដោះសាដូរដោះរាល់ពេលដែលមានការសាកសួរពីវឌ្ឍនភាពការងារ។ ករណីដ៏ហួសចិត្តបានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅពេលដែលលោក អ៊ូ មករា តាមដានសួរនាំខ្លាំង ស្រាប់តែលោក សំ ផល្លី បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនដែលបានទទួលឯកសារច្បាប់ដើមទាំងនោះទាល់តែសោះ ដែលទង្វើនេះត្រូវបានដើមបណ្តឹងចាត់ទុកថាជាការភូតកុហក និងមានចេតនាទុច្ចរិតបំផ្លិចបំផ្លាញឯកសារច្បាប់ដើម ឬគៀបស៊ីយកដីធ្លីរបស់ខ្លួន។

យ៉ាងណាមិញមុនឈានដល់ការដាក់លិខិតប្តឹងទៅអភិបាលខេត្ត ខាងភាគីជនរងគ្រោះក៏បានពឹងពាក់ក្រុមមេធាវីនៃក្រុមហ៊ុនច្បាប់ VHP LAW FIRM ដើម្បីជួយអន្តរាគមន៍តាមផ្លូវច្បាប់ ដោយបានចេញលិខិតជូនដំណឹងជាផ្លូវការអញ្ជើញ លោក សំ ផល្លី មកដោះស្រាយនៅទីស្នាក់ការក្រុមហ៊ុនមេធាវីនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែមន្ត្រីរូបនោះបានធ្វើមិនដឹងមិនឮ និងមិនព្រមចូលខ្លួនមកដោះស្រាយឡើយ។

ហើយបច្ចុប្បន្ន លិខិតស្នើសុំអន្តរាគមន៍នេះត្រូវបានសាលាខេត្តកោះកុងទទួល និងចុះលេខចូលជាផ្លូវការហើយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។ ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងធ្លាប់ទាក់ទងទៅលោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ នៃសាលាខេត្តកោះកុងដើម្បីសុំការបំភ្លឺលោកបានឆ្លើយថាបើបងចង់ដឹងច្បាស់បងមកជួបខ្ញុំកន្លែងធ្វើការមករួចក៏បិទទូរស័ព្ទ។ ដោយឡែកលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុងមិនបានបកស្រាយចើនទេគ្រាន់ឆ្លើយថា បានទទួល។

សាធារណជនកំពុងរង់ចាំមើលថា តើលោកជំទាវអភិបាលខេត្តកោះកុង នឹងមានចំណាត់ការបែបណាទៅលើមន្ត្រីក្រោមឱវាទរូបនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ និងរក្សាកិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *