កម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន 107ទីតាំង និងរកឃើញនាំសាច់បង្កកពីថៃចំនួន12ទីតាំង

 

រាជធានីភ្នំពេញ : គិតចាប់ពីថ្ងៃទី10 មកដល់ថ្ងៃទី13 ខែមិថុនា ឆ្នាំ2026នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសង្ស័យនាំចូល ស្តុកទុកចរាចរ និងចែកចាយផលិតផលបង្កក ទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ សរុបចំនួន 107ទីតាំង ក្នុងនោះក្រុមការងារចម្រុះបានសម្រេចបិទឃ្លុំបណ្តោះអាសន្នទីតាំងចំនួន12ទីតាំង។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី14 ខែមិថុនា ឆ្នាំ2026នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង14 សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំង តូច ធំ ក្នុងមូលដ្ឋានចំនួន 18 ទីតាំង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។

សូមជម្រាបជូនថា អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងប្រតិបតិការទាំង18ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន 2មានជាប់ពាក់ព័ន្ធនឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ។ ទីតាំងទី1 ឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន អេសខេអេសខេ ឯ.ក ដោយក្រុមការងារចម្រុះបានរកឃេីញទំនិញនាំចូលមកពីប្រទេសថៃ ចាប់ពីដើមខែកុម្ភ: ឆ្នាំ2026 ពោលគឺក្រោយការបិទព្រំដែនគោកកម្ពុជា-ថៃ ដែលទំនិញទាំងនោះ មានចំនួន 61មុខ ជាប្រភេទកាហ្វេ ទឹកសេរ៉ូ ម៉្សៅទឹកដោះគោ។ ទីតាំងទី2ឃ្លាំងស្ថិតនៅផ្ទះលេខ102 ផ្លូវ79BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី1 ខណ្ឌមានជ័យ ក្រុមការងារចម្រុះបានពិនិត្យរកឃើញផលិតផលប្រភេទសាច់បង្កកដូចជា ដៃមឹក និងជេីងទា ដែលបាននាំចូលពីប្រទេសថៃ។

យ៉ាងណាមិញអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី13 ខែមិថុនា ឆ្នាំ2026 សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំងទាំង2ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងក្នុងខណ្ឌដង្កោ ចំនួន 2នាក់ និងឃ្លាំងក្នុងខណ្ឌមានជ័យ ចំនួនម្នាក់ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *