ខេត្តកណ្តាល : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើដំណើរចុះមូលដ្ឋានបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពីខេត្តកំពង់ចាម និងបន្តមកខេត្តជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ជាជំនួបលើកទី១២ហើយ និងខេត្តកណ្តាលជាខេត្តទី១៣ ដែលសម្តេចតេជោបានចុះជួបដោយផ្ទាល់។ ការចុះជួបសំណេះសំណាលនេះ ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពីការវាយតម្លៃសភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារ មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ ឱ្យបានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ខេត្តកណ្តាល គឺជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹង ខេត្តព្រៃវែង ខាងជើងទល់នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម(មានបន្ទាត់ព្រំដែនប្រវែង ៣១,៣២គីឡូម៉ែត្រ)។ ខេត្តកណ្តាល មានភូមិសាស្ត្រអំណោយផលធម្មជាតិ ហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម ឧស្សាហកម្ម នគរូបនីយ កម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។

ខេត្តកណ្តាលមានផ្ទៃក្រឡា ៣ ២៧៨,៤៨គីឡូម៉ែត្រការ៉េ មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង ១ ០១០ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣នាក់, ស្រីចំនួន ៧៤១ ៧៩៣ នាក់) ស្មើនឹង ៣២៦ ៦៧០ គ្រួសារ។

ខេត្តកណ្តាលមានច្រកទ្វារអន្តរជាតិមានចំនួន២ (ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ, ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ), ច្រកតំបន់ព្រំដែនមានចំនួន ២ (ច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា, ច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ)។
ខេត្តកណ្តាល មានជាប់គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦ គ.ម ក្នុងនោះ ៖ កំណាត់ទី១៖ មានប្រវែង ២១គ.ម ពីព្រែកតាកែវ នៃទន្លេមេគង្គ ទៅព្រែកពោធិ៍នៃទន្លេ បាសាក់ ឆ្លងកាត់ស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល។ កំណាត់ទី២៖ មានប្រវែងសរុប ១៥១,៦ គ.ម ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ចូលតាម ព្រែកតា ហ៊ីងនៃស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែបក្នុងភូមិសាស្ត្រខេត្តចំនួន៤ រួម មាន ៖ ខេត្ត កណ្តាល (៣៣ គ.ម) ក្នុងនោះ ផ្លូវទឹកឆ្លងកាត់ទន្លេបាសាក់ប្រវែង ២៩ គ.ម, ខេត្តតាកែវ (៥៣ គ.ម), ខេត្តកំពត (៤៨,៧គ.ម) និងខេត្តកែប (១៦,៩គ.ម)(កំពុងដំណើរការសាងសង់)។

ខេត្តកណ្តាលទទួលបានគម្រោងអនុម័តដោយ CDC សរុបចំនួន ២៣៣គម្រោង ទំហំទុនវិនិយោគ ២ ៩៥២,៩៣ លានដុល្លារអាមេរិក និងទទួលគម្រោងអនុម័តដោយអនុគណៈកម្មការវិនិយោគខេត្ត ចំនួន ៩០ គម្រោង ទំហំទុនវិនិយោគ ២៩៥,៥៤ លានដុល្លារអាមេរិក បង្កើតឱកាសការងារបាន ៣៩ ៤០៧ កន្លែង ។
បច្ចុប្បន្ន រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងខេត្ត សរុបមាន ២ ១០៩ មូលដ្ឋាន ក្នុងនោះវិនិយោគិនបរទេសមាន ៦៦២ មូលដ្ឋាន ដែលផ្តល់ការងារជូនកម្មករ និយោជិតចំនួន ២៥១ ១០៧ នាក់ ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្ត សម្រេចបាន ៤ ២៥៩ លាន ដុល្លារអាមេរិក ក្នុងនោះ វិស័យឧស្សាហកម្ម ៤៥% កសិកម្ម ២៩% និងសេវាកម្ម ២៦% ដែលសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច ៦,៣% ក្នុងមួយឆ្នាំ៕
