ជនឆបោក Online Scam ចិន និង ជប៉ុន 8នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួននៅពន្ធនាគារ PJ

 

រាជធានីភ្នំពេញ : ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី15 ខែមេសា ឆ្នាំ2026នេះ បានសម្រេចចោទប្រកាន់ជនត្រូវចោទចំនួន 8នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ។ នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន8នាក់ផ្សេងគ្នា ចេញដោយលោក គុជ តារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវជោទទាំង 8នាក់នោះ មានជនជាតិចិន 3នាក់ និងជនជាតិ ជប៉ុនចំនួន 5នាក់ រួមមាន:

1-ឈ្មោះ ZHENG YUSONG ភេទប្រុស ជនជាតិចិន 2-ឈ្មោះ CUI SHENG XUN ភេទប្រុស ជនជាតិចិន 3-ឈ្មោះ WU SHENG LONG ភេទប្រុស ជនជាតិចិន,
4-ឈ្មោះ MIDORIKAWA AYUMU ភេទប្រុស ជនជាតិជប៉ុន ។
5-ឈ្មោះ NOMOTO KOJI ភេទប្រុស ជនជាតិជប៉ុន , 6-ឈ្មោះ MATSUMOTO TAKAYUKI ភេទប្រុស ជនជាតិជប៉ុន
7-ឈ្មោះ MIYAKUSHI HARUKI ភេទប្រុស ជនជាតិជប៉ុន និងទី8-ឈ្មោះ HAMADA AKIRA ភេទប្រុស ជនជាតិជប៉ុន។

សូមជម្រាបជូនថា ជនត្រូវចោទទាំងនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ: ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង (Online scam) ប្រព្រឹត្តនៅទីតាំង អគារខុនដូ ភ្នំពេញកាឡាក់ស៊ីហ្កាដេន ជាន់ទី13 បន្ទប់លេខ 1316 និងបន្ទប់លេខ 1318 ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2026 រហូតដល់ថ្ងៃទី6 ខែមេសា ឆ្នាំ2026 បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា 377 និងមាត្រា 380 នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមក្រមព្រហ្មទណ្ឌ មាត្រា 377 បានឱ្យនិយមន័យ អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង និងអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬ ដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ: 1 -ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ 2 -ការផ្គត់ផ្គង់សេវា 3 -ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច ។

ចំពោះមាត្រា 380 បានចែងថា អំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី 2(ពីរ) ឆ្នាំ ទៅ 5ប្រាំ) ឆ្នាំ កាលបើបទល្មើសនេះ បានប្រព្រឹត្តជាក្រុមមានការចាត់តាំង។

យ៉ាងណាមិញ លេខាធិការដ្ឋានៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) សូមជម្រាបជូនថា ចាប់ពីខែកក្កដា ឆ្នាំ2025 ដល់ខែមីនា ឆ្នាំ2026នេះ ពោលគឺក្នុងរយៈពេល9ខែចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង250 ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួនជាង 80ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណជាង750នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *